ព័ត៌មានជាតិ
កម្ពុជា ដាក់ចេញវិធានការ ៨ ចំណុច គាំពារពលករទេសន្តរប្រវេសន៍
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៤ មិថុនា នេះថា វិធានការ ៨
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ០៤ មិថុនា នេះថា វិធានការ ៨ ចំណុច ដើម្បីគាំពារពលករទេសន្តរប្រវេសន៍រួមមាន ៖ ១.រាជរដ្ឋាភិបាល បាន និងបន្តចុះអនុស្សរណៈយោគយល់គ្នាជាមួយប្រទេសទទួលពលករដើម្បីធានាការទទួលខុសត្រូវ និងកិច្ចការពារសិទ្ធិពលករធ្វើការនៅក្រៅប្រទេស។ ២.កិច្ចការមុនពេលចេញដំណើររបស់ពលករ គឺការភ្ជាប់ប្រព័ន្ធទិន្នន័យតាមអនឡាញ (Online) ដោយដាក់ឱ្យដំណើរការលិខិតបញ្ជាក់តម្រូវការកម្លាំងពលកម្ម និងបញ្ជីឈ្មោះពលករ ក្នុងគោលបំណងកាត់បន្ថយរយៈពេលដំណើរការការងារឱ្យកាន់តែខ្លី។
ទន្ទឹមនេះ ធ្វើការបណ្ដុះបណ្ដាលពលករអំពីបែបបទរស់នៅ វប្បធម៌ ប្រពៃណី សិទ្ធិ និងច្បាប់ នៃប្រទេសទទួលពលករ។ ៣.ជំរុញឱ្យមានចល័តភាព នៃរបបសន្តិសុខសង្គមសម្រាប់ពលករធ្វើការនៅក្រៅប្រទេស និងពេលត្រឡប់មកវិញ ដើម្បីពលកររក្សាបានរបបសន្តិសុខសង្គម។ ៤.បន្តណែនាំទីភ្នាក់ងារជ្រើសរើសពលករឯកជនឱ្យបំពេញបែបបទសហគ្រាស និងមានការទទួលខុសត្រូវចំពោះពលករ។ ចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់ចំពោះក្រុមហ៊ុនជ្រើសរើសពលករដែលបំពានច្បាប់ និងរំលោភសិទ្ធិពលករ។ ៥.ផ្តល់កិច្ចការពារ និងជំនួយផ្នែកច្បាប់ដល់ពលករតាមរយៈស្ថានឯកអគ្គរាជទូត ស្ថានកុងស៊ុល និងអនុព័ន្ធការងារកម្ពុជាក្នុងករណីមានបញ្ហាកើតឡើងចំពោះពលករ។ ពលករអាចទំនាក់ទំនងតាមរយៈ ហតឡាញ (Hotline) ១២៩៧ ឬ ១២៨៦ ក្រុមតេលេក្រាម «សម្រាប់ពលករទេសន្តរប្រវេសន៍» នាយកដ្ឋានមុខរបរ និងហត្ថពលកម្ម ឬទូរស័ព្ទលេខ ០១១ ៨៩៨ ៩១២ ឬ ០៩៧ ៩២០ ២០២៣ ឬ ០៨៧ ២១៥ ២១៥ ឬ ០៨៩ ៩៥៧ ៧៨៩ និងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានី-ខេត្ត។ ៦.សហការជាមួយភាគីពាក់ព័ន្ធ រួមទាំងអង្គការសង្គមស៊ីវិលក្នុងការផ្លាស់ប្ដូរព័ត៌មាន និងគាំទ្រដល់ពលករ។ ៧.បន្តផ្តល់ការអប់រំណែនាំពលករអំពីអត្ថប្រយោជន៍ និងការចេញទៅធ្វើការនៅក្រៅប្រទេសស្របច្បាប់ ចៀសវាងការទៅធ្វើការក្រៅប្រទេសដោយខុសច្បាប់ និង ៨.ផ្តល់ការបណ្ដុះបណ្ដាលជំនាញ និងស្វែងរកការងារជូនពលករពេលត្រឡប់មកមាតុប្រទេសវិញ។