សេដ្ឋកិច្ច
មន្ត្រីជាន់ខ្ពស់អះអាងថា កម្ពុជាត្រូវត្រៀមខ្លួនដោះស្រាយបញ្ហាប្រឈមកង្វះថាមពលអគ្គិសនីនៅ ៣ ឆ្នាំ ខាងមុខ
លោក កែវ រតនៈបានបន្តថា សព្វថ្ងៃនេះ កម្ពុជាមានថាមពលបៃតងប្រមាណ ៦២% ខណៈកម្ពុជាចង់ឱ្យបង្កើនដល់ជាង ៧០% មុនឆ្នាំ ២០៣០
លោក កែវ រតនៈ រដ្ឋមន្ត្រីថ្មីនៃក្រសួងរ៉ែ និងថាមពល មានប្រសាសន៍នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០២៤នេះថា នៅចំពោះមុខ ៣ ឆ្នាំ ខាងមុខ (២០២៥-២០២៧) គឺអាចមានការប្រឈមកង្វះថាមពលអគ្គិសនី ដែលហៅថា អន្តរកាលថាមពល ហើយក្នុងអន្តរកាលនេះ យើងត្រូវដោះស្រាយបញ្ហាចំនួន ៣ គឺបញ្ហាទី១ ការរក្សាថ្លៃថាមពលអគ្គិសនីកុំឱ្យឡើង ទី២ ដោះស្រាយបញ្ហាផ្គត់ផ្គង់អគ្គិសនីកុំឱ្យខ្វះ និងទី៣ គឺចង់បង្កើនថាមពលបៃតងឱ្យបានច្រើន។
លោក កែវ រតនៈបានបន្តថា សព្វថ្ងៃនេះ កម្ពុជាមានថាមពលបៃតងប្រមាណ ៦២% ខណៈកម្ពុជាចង់ឱ្យបង្កើនដល់ជាង ៧០% មុនឆ្នាំ ២០៣០ ដើម្បីការពារបរិស្ថាន និងយកថាមពលបៃតងក្នុងការទាក់ទាញការវិនិយោគពីក្រៅប្រទេសមកបង្កើតការងារឱ្យពលរដ្ឋខ្មែរ។
លោក កែវ រតនៈ បញ្ជាក់ថា៖« យើងនៅមានបញ្ហាប្រឈមដែលត្រូវខិតខំធ្វើការអភិវឌ្ឍបន្ថែមទៀត ពីព្រោះប្រសិនបើយើង មិនធ្វើការអភិវឌ្ឍទៀតទេ យើងប្រាកដជាខ្វះ ប៉ុន្តែបើរួមគ្នាគាំទ្រការអភិវឌ្ឍ បញ្ហាខ្វះខាត នឹងត្រូវបានកាត់បន្ថយ»។