សេដ្ឋកិច្ច
ប្រតិបត្តិការរបស់ផែស្វយ័តក្រុងព្រះសីហនុមានកំណើនខ្ពស់នៅក្នុងត្រីមាសទី១ឆ្នាំនេះ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ក្នុងត្រីមាសទី១ ឆ្នំា២០២៤ បានរាយការណ៍ពីភាពល្អប្រសើរនៃប្រតិបត្តិការរបស់ខ្លួនដោយសម្រេចបានប្រាក់ចំណូលសរុបចំនួន ៩៧,៣៦៤ពាន់លានរៀល
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ក្នុងត្រីមាសទី១ ឆ្នំា២០២៤ បានរាយការណ៍ពីភាពល្អប្រសើរនៃប្រតិបត្តិការរបស់ខ្លួនដោយសម្រេចបានប្រាក់ចំណូលសរុបចំនួន ៩៧,៣៦៤ពាន់លានរៀល កើនឡើង ២៥,៤៣%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ឆ្លុះបញ្ចាំងអំពីភាពប្រសើរឡើងនៃសេដ្ឋកិច្ចសកលនិងតំបន់។
លោក លូ គឹមឈន់ អគ្គនាយកនៃផែស្វយ័តក្រុងព្រះសីហនុបានមានប្រសាសន៍នៅក្នុងឯកសារនោះថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ កសស ទទួលបានប្រាក់ចំណូលសរុបចំនួន ៩៧,៣៦៤ពាន់លានរៀល និងបានចំនេញសុទ្ធក្រោយបង់ពន្ធ ក្នុងការិយបរិច្ឆេទចំនួន ៣៣,២៩៥ពាន់លានរៀល។ បើប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣ ប្រាក់ចំណូលកើនឡើងចំនួន ២៥,៤៣%។
លោកបានថ្លែងបញ្ជាក់ថា៖«លទ្ធផលនេះបណ្តាលមកពី បរិមាណកុងតឺន័រ និងបរិមាណទំនិញឆ្លងកាត់ កសស មានការកើនឡើង ប៉ុន្តែដោយក្នុងត្រីមាសទី១ ឆ្នាំ២០២៣ មានការចំណេញពីទ្រព្យសកម្ម ដែលចាត់ថ្នាក់ជាទ្រព្យសម្រាប់លក់របស់ កសស ជាដីចំនួន ០១ កន្លែងនោះ ទើប ធ្វើអោយចំណេញសុទ្ធក្រោយបង់ពន្ធសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤ ឃើញមានការថយចុះខ្លាំងប្រមាណ ៤៩.៥៣% ស្មើនឹង ៣២.៦៨១.៧៤៧.០០០ រៀល ជាលទ្ធផលចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធ មាន ចំនួន ៣៨៨.១៩ រៀល សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៤ នេះ»។
លោកបានគូសបញ្ជាក់ទៀតថាក្នុងត្រីមាសទី១ ឆ្នាំ២០២៤ កុងតឺន័រដែល បានឆ្លងកាត់ កសស មានចំនួន ២១៧.២០៣ TEUs ពោលគឺ កើនចំនួន ៤២.៥៥៤ TEUs ស្មើនឹង ៩.៦០% បើ ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៣ ។
លោកបានថ្លែងថា ៖«កសស នឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីបំពេញសេវាកម្ម អាជីវកម្មឱ្យកាន់តែល្អប្រសើរ និងសម្រេចបាន លទ្ធផលខ្ពស់ជាប្រយោជន៍ដល់ភាគហ៊ុនិករបស់ខ្លួន។ កសស បានពង្រឹងប្រសិទ្ធភាពការងារ និងការកសាង ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការសេវាកម្មរបស់អតិថិជន និងការរីកចម្រើន សេដ្ឋកិច្ចជាតិ»។ បើយោងតាមលោក លូ គឹមឈន់ ដោយសារតែមានការកើនឡើងនូវបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់ កសស បានធ្វើការកែ សម្រួលផែច្រាំងថ្មី (សាងសង់ឆ្នាំ១៩៦៩ ប្រវែង ៣៥០ ម៉ែត្រ) ទៅជាចំណតផែកុងតឺន័រប្រវែង ២៥៣ ម៉ែត្រ ដើម្បីក្លាយជាចំណតកុងតឺន័រមួយបន្ថែមទៀត ដែលបច្ចុប្បន្នមានត្រឹមតែពីរចំណតប៉ុណ្ណោះ។