សេដ្ឋកិច្ច
Toyota ផ្អាកលក់ឡានមួយចំនួន ខណៈរឿងអាស្រូវសុវត្ថិភាពរថយន្តរបស់ជប៉ុនកាន់តែរីកធំ
ក្រសួងបានបញ្ជាឱ្យក្រុមហ៊ុន Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេលើពិភពលោក ក្រុមហ៊ុន Mazda និងក្រុមហ៊ុន Yamaha ផ្អាកការនាំចេញរថយន្តមួយចំនួន។
ក្រុមហ៊ុនរថយន្ត Toyota Motor និង Mazda បានបញ្ឈប់ការលក់ចេញរថយន្តរបស់ខ្លួនមួយចំនួន ក្រោយក្រសួងដឹកជញ្ជូនរបស់ប្រទេសជប៉ុន បានរកឃើញពីភាពមិនប្រក្រតីក្នុងពាក្យស្នើសុំវិញ្ញាបនកម្មសម្រាប់ម៉ូដែលរថយន្តមួយចំនួន ដោយធ្វើឱ្យរឿងអាស្រូវពាក់ព័ន្ធនឹងសុវត្ថិភាពរថយន្តកាន់តែរីកធំឡើងកាលពីថ្ងៃចន្ទ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញព័ត៌មាន CNN។
ក្រសួងបាននិយាយថា ភាពមិនប្រក្រតីនេះក៏ត្រូវបានរកឃើញនៅក្នុងពាក្យស្នើសុំរបស់ក្រុមហ៊ុន Honda ក្រុមហ៊ុន Suzuki និងក្រុមហ៊ុន Yamaha Motor ផងដែរ។ ក្រុមហ៊ុនផលិតរថយន្តទាំងអស់ ត្រូវបានរកឃើញថា បានបញ្ជូលទិន្នន័យតេស្តសុវត្ថិភាពមិនត្រឹមត្រូវ ឬក្លែងបន្លំទិន្នន័យ ទៅក្នុងពាក្យស្នើសុំវិញ្ញាបនកម្មសម្រាប់យានយន្តរបស់ពួកគេ។
ក្រសួងបានបញ្ជាឱ្យក្រុមហ៊ុន Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេលើពិភពលោក ក្រុមហ៊ុន Mazda និងក្រុមហ៊ុន Yamaha ផ្អាកការនាំចេញរថយន្តមួយចំនួន។
ការទម្លាយការណ៍ចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីក្រសួងដឹកជញ្ជូនជប៉ុន កាលពីខែមករា បានស្នើសុំក្រុមហ៊ុនផលិតរថយន្តនានា បើកការស៊ើបអង្កេតលើការស្នើសុំវិញ្ញាបនប័ត្រ បន្ទាប់ពីរឿងអាស្រូវទិន្នន័យតេស្តសុវត្ថិភាពរថយន្តរបស់ Daihatsu ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Toyota ផ្ទុះឡើងកាលពីចុងឆ្នាំមុន។
ការវិវត្តន៍កាលពីថ្ងៃចន្ទនេះ ក៏ទំនងជាបង្កើនការយកចិត្តទុកដាក់លើកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ក្រុមហ៊ុន Toyota នៅចុងខែនេះផងដែរ ដោយក្រុមហ៊ុនផ្តល់ប្រឹក្សាប្រូកស៊ីដ៏មានឥទ្ធិពល Institutional Shareholder Services និង Glass Lewis បានផ្តល់អនុសាសន៍ឱ្យម្ចាស់ភាគហ៊ុន បោះឆ្នោតប្រឆាំងនឹងការជ្រើសរើសលោក Akio Toyoda ឱ្យបន្តធ្វើជាប្រធានក្រុមហ៊ុនឡើងវិញ។