ព័ត៌មានអន្ដរជាតិ
រលកកម្ដៅនៅ ឥណ្ឌា សម្លាប់មនុស្ស ៤៦ នាក់ ក្នុងនោះក៏មានមន្ត្រីរៀបចំការបោះឆ្នោត
ប្រទេសឥណ្ឌាកំពុងរងការវាយលុកដោយរលកកម្ដៅដ៏ធ្ងន់ធ្ងរ ហើយគ្រាន់តែមួយក្នុងខែឧសភាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៦ នាក់នៅទូទាំងប្រទេស
ប្រទេសឥណ្ឌាកំពុងរងការវាយលុកដោយរលកកម្ដៅដ៏ធ្ងន់ធ្ងរ ហើយគ្រាន់តែមួយក្នុងខែឧសភាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៦ នាក់នៅទូទាំងប្រទេស ក្រោយសីតុណ្ហភាពហក់ឡើងដល់ ៤៥ អង្សាសេអស់រយៈពេលជាច្រើនថ្ងៃ ខណៈនៅតំបន់ខ្លះឡើងដល់៥០ អង្សាសេឯណោះ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី៣ ខែមិថុនានេះ ។
ក្រសួងឧតុនិយមឥណ្ឌាបានប្រកាសថា សីតុណ្ហភាពបានឡើងដល់ ៥០.៥ អង្សាសេនៅក្នុងរដ្ឋ Rajasthan ភាគខាងលិច ខណៈដែលសីតុណ្ណភាពនៅទូទាំងប្រទេសបន្តហក់ឡើងដែលបានបណ្ដាលមនុស្សស្លាប់ជាបន្តបន្ទាប់ រហូតដល់ ៤៦ នាក់ ក្នុងនោះ ៣៣ នាក់ជាមន្ត្រីរៀបចំការបោះឆ្នោតសកលដែលប្រព្រឹត្តទៅចាប់តាំងពីថ្ងៃទី១៩ ខែមេសា ខណៈមនុស្សជាច្រើនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល និងការព្យាបាលផ្សេងៗទៀតដែលបណ្ដាលមកពីរលកកម្ដៅខ្លាំងនេះ ។
ក្រសួងឧតុនិយមឥណ្ឌាក៏កំពុងព្រមានអំពីការកើនឡើងនូវរោគសញ្ញាជំងឺដាច់សរសៃរឈាមខួរក្បាលចំពោះអ្នកដែលនៅក្រោមកម្ដៅព្រះអាទិត្យក្នុងរយៈពេលយូរ ឬធ្វើការងារធ្ងន់ ហើយស្នើឲ្យប្រជាជនព្យាយាមស្នាក់នៅក្នុងផ្ទះ និងទទួលទានទឹកឲ្យបានច្រើនដើម្បីកាត់បន្ថយកម្ដៅ ប៉ុន្តែប្រជាជនត្រូវចេញទៅបោះឆ្នោត និងត្រូវប្រកបរបរចិញ្ចឹមជីវិតដែលធ្វើឲ្យចំនួនអ្នកស្លាប់បន្តកើនឡើង ។
គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះប្រទេសឥណ្ឌាក៏ដូចជាប្រទេសប្រទេសបង់ក្លាដែសជួបរលកកម្ដៅវាយលុកយ៉ាងធ្ងន់ធ្ងរ ខណៈដែលកម្ដៅកើនដល់ម្រិតមួយមិនធ្លាប់មានពីមុនមក បណ្ដាលឲ្យមានមនុស្សស្លាប់ជាបន្តបន្ទាប់ និងរាប់នាក់សម្រាកព្យាបាលនៅមន្ទីពេទ្យ ដោយសារកើតជំងឺដាច់សរសៃរឈាមខួរក្បាល ៕