Connect with us

ព័ត៌មានជាតិ

​ម្ចាស់កសិដ្ឋានមួយ​ចាយទុន ១០ ម៉ឺនដុល្លារ ​ជីកស្រះចិញ្ចឹមក្ដាមថ្មធម្មជាតិ​

កសិដ្ឋានរបស់អ្នកស្រី ​មានចិញ្ចឹមក្ដាមថ្ម ក្ដាមសក ក្ដាមពង ​និងត្រីតុកកែ ​ដែលក្ដាមសក និងក្ដាមពង មានតម្លៃ ៨ ម៉ឺនរៀលក្នុងមួយគីឡូ។

Published

on

អ្នកស្រី អ៊ុង ពុធមុល្លិកា ​ម្ចាស់កសិដ្ឋានចិញ្ចឹមក្ដាមថ្មធំជាងគេមួយ​នៅស្រុកព្រៃនប់ ​ខេត្តព្រះសីហនុ ​បានចាយដើមទុន ​ប្រមាណ ១០ ម៉ឺនដុល្លារ ដើម្បី​ជីកស្រះចិញ្ចឹមក្ដាមថ្មធម្មជាតិ ​ទទួលបានជោគជ័យ​សឹង​តែរកក្ដាមលក់មិនទាន់។

អ្នកស្រី អ៊ុង ពុធមុល្លិកា ​ម្ចាស់កសិដ្ឋានចិញ្ចឹមក្តាមថ្មនៅស្រុកព្រៃនប់ ​ប្រាប់កម្ពុជាថ្មីថា ដំបូងឡើយ​អ្នក​​ស្រីចិញ្ចឹមបង្គា ត្រីឆ្ពង់ និងត្រីតុកកែ ​តែពិបាករកទីផ្សារ ​ក៏ប្ដូរមកចិញ្ចឹមក្ដាមថ្ម ដែលចំណាយ​ពេល​ចិញ្ចឹម​តែរយៈ​ពេល ៣ ខែ​ក៏លក់​បាន។​

​អ្នកស្រីបានចាប់ផ្ដើមអាជីវកម្មនៅឆ្នាំ ២០០២ រហូតមកដល់បច្ចុប្បន្ន ដែលកសិដ្ឋានរបស់អ្នកស្រី ​មានស្រះចំនួន ២០ ក្នុងទំហំដី ​១២ ហិកតា។ អ្នកស្រីចាប់ក្ដាម​លក់​ចន្លោះពី ១៥-២០ គីឡូ ក្នុងមួយថ្ងៃ ដោយបោះឱ្យម៉ូយតាមបណ្ដាខេត្ត ​និងរាជធានីភ្នំពេញ។ ​​

​អ្នកស្រី អ៊ុង ពុធមុល្លិកា ប្រាប់ថា៖ «​ក្នុងមួយឆ្នាំកូនក្ដាមធម្មជាតិ​ឡើងមកពីសមុទ្រទឹកជ្រៅ​ម្ដង អញ្ចឹង​ខ្ញុំទិញយកមកដាក់គ្រប់ស្រះទាំងអស់ ​ដល់ពេលធំខ្ញុំចាប់​លក់​អស់ទៅ អញ្ចឹងខ្ញុំត្រូវរង់ចាំកូន​ក្ដាម​មក​ម្ដង​ទៀត»។​

​កសិដ្ឋានរបស់អ្នកស្រី ​មានចិញ្ចឹមក្ដាមថ្ម ក្ដាមសក ក្ដាមពង ​និងត្រីតុកកែ ​ដែលក្ដាមសក និងក្ដាមពង មានតម្លៃ ៨ ម៉ឺនរៀលក្នុងមួយគីឡូ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា វិស័យកសិកម្មមានការរីកចម្រើនយ៉ាងខ្លាំងនៅមួយរយៈពេលចុងក្រោយនេះ ​ប្រជាកសិករមិនត្រឹមតែដាំដុះ ចិញ្ចឹមនៅនឹងកន្លែងទេ ប៉ុន្តែពួកគាត់បានដាំដុះ ចិញ្ចឹម ជាលក្ខណៈអាជីវកម្មផងដែរ។

បើតាមលោករដ្ឋមន្ត្រី បច្ចុប្បន្នកម្ពុជាផលិតសម្រាប់ទទួលទានគ្រប់គ្រាន់ហើយ និងមានផលិតផលសល់ក្នុងការនាំចេញផងដែរ នៅឆ្នាំ ២០២៣ ផលិតផលកសិកម្មនាំចេញទៅក្រៅប្រទេស បាន ៨,៤៥ លានតោន ដែលរួមមានស្រូវ អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី ចេកស្រស់ ស្វាយ ផ្លែមៀនស្រស់ ម្រេច និងកសិផលប្រមាណ ១០០ មុខទៀត៕