កីឡា
លើកនេះដាច់ស្រឡះ អេ អាំម៉ារីន ផ្តួល ឡុង សំណាង ទឹក២ គ្រងខ្សែក្រវាត់ KKF
ខ្សែក្រវាត់ម៉ារ៉ាតុងសហព័ន្ធគុនខ្មែរ KKF ទម្ងន់៦៥គីឡូក្រាមនេះមានបេក្ខភាព៤រូបចូលរួមប្រកួតប្រជែង។ នៅជុំទី១ អេ អាំម៉ារីនភូថង
កីឡាករវ័យក្មេងកម្ពស់ អេ អាំម៉ារីនភូថង បានគ្រងខ្សែកក្រវាត់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ (KKF) សហការជាមួយទូរទស្សន៍បាយ័ន បន្ទាប់ពីបានយកឈ្នះដៃគូចាស់ ឡុង សំណាង ក្នុងទឹកទី២ ក្រោមវត្តមានកំពូលអ្នកប្រដាល់សកលហ្វីលីពីន ម៉ានី ប៉ាគីអៅ នៅយប់ថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៤។
ខ្សែក្រវាត់ម៉ារ៉ាតុងសហព័ន្ធគុនខ្មែរ KKF ទម្ងន់៦៥គីឡូក្រាមនេះមានបេក្ខភាព៤រូបចូលរួមប្រកួតប្រជែង។ នៅជុំទី១ អេ អាំម៉ារីនភូថង បានវាយកីឡាករ សូត្រ វាសនា ឲ្យអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី៣ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រជួប ឡុង សំណាង ដែលបានយកឈ្នះ ផាន់ គ្រាន់ ដោយពិន្ទុ។
សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ឡុង សំណាង បានចូលវ៉ៃដោយទំនុកចិត្តចាប់ពីទឹកទី១តាមរយៈការប្រើកណ្តាប់ដៃ និងទាន់ ខណៈ អេ អាំម៉ារីនភូថង ព្យាយាមវាយមួយៗ ថយ និងការពារតាមបច្ចេកទេស។ នៅទឹកទី២នៅពេលដៃគូចូលវាយ និងប្តូរកណ្តាប់ដៃ អេ អាំម៉ារីនភូថង ឃើញចន្លោះប្រហោងវាយកណ្តាប់ឆ្វេងពេញចំលើមុខរបស់ ឡុង សំណាង ឲ្យដួលសន្លប់ឈឹង និងត្រូវអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតតែម្តង។នេះជាការវាយផ្តាច់ស្រឡះដោយគ្មានមន្ទិលសង្ស័យពាក់ព័ន្ធនឹងមនោសញ្ចេតនា។
នៅចាំបានថា អេ អាំម៉ារីនភូថង បានប្រកួតដណ្តើមខ្សែក្រវាត់ពី ឡុង សំណាង នៅទូរទស្សន៍ PNN កាលពីប៉ុន្មានខែមុន ប៉ុន្តែមិនបានសម្រេចទេ។ ការប្រកួតកាលណោះត្រូវបានគេមើលឃើញថា កូនប្រុសរបស់លោក អេ ភូថង វាយមិនលះសោះទាំងបច្ចេកទេស អាវុធ និងទឹកចិត្ត។ ពេលនោះ ក្រោយការប្រកួត រូបគេបាននិយាយពីអារម្មណ៍មិនដាច់ស្រឡះក្នុងមនោសញ្ចេតនា។